Select Page

Get to help

hand in hand

តើខ្ញុំអាចជួយដោយរបៀបណាប្រសិនបើនរណាម្នាក់មានអារម្មណ៌ចង់សម្លាប់ខ្លួន?

ប្រសិនបើអ្នកបានជួបនណាម្នាក់ដែរមានសញ្ញាបែបនេះ សូមកុំបារម្ភ អ្នកគ្រាន់តែអនុវត្តន៌នូវជំហានទាំងបួននេះ ដែលមាន លក្ខណះសាមញ្ញនិងងាយស្រួលយល់

ជំហ៊ានទី១៖ ការសួរ

រាល់ការសន្ទនារពិបាកៗត្រូវចាប់ផ្តើមពីសំណួរសមញ្ញៗ។ ហេតុដូច្នេះហើយបានជា ជំហ៊ានដំបូងក្នុងការជួយនរណាម្នាក់ និងអោយនរណាម្នាក់ដឹងថា អ្នកគឺជាមនុស្សដែលត្រៀមខ្លួននឹងជួយគេ គឺចាំ បាច់ត្រូវរកពេលវេលានិងទីកន្លែងសមស្របសំរាប់ការចាប់ផ្តើមសន្ទនា។ មុនពេលចាប់ផ្តើមសន្ទនារ អ្នកត្រូវសួរខ្លួនឯង សិនថា “តើខ្ញុំជាអ្នកសមស្របក្នុងការជួយឬទេ? តើខ្ញុំមានពេលគ្រប់គ្រាន់សំរាប់គាត់ឬទេ? តើខ្ញុំបានជ្រើសរើសពេល សមស្របសំរាប់សន្ទនាឬទេ? តើខ្ញុំជ្រើសរើសកន្លែងសមស្របឬទេ?ហើយកត្តាដែលសំខាន់បំផុតគឺ ត្រូវប្រាកដក្នុងចិត្តថាអ្នកប្រុងប្រៀបត្រៀមខ្លួនក្នុងការស្តាប់នូវអ្វីៗដែលអាចមាន។

តើខ្ញុំធ្វើម៉េចទើបដឹងថានរណាម្នាក់ស្ថិតក្នុងស្ថានភាពណាមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ?

អ្នកត្រូវកំណត់ថានរណាម្នាក់មានបំណងជាក់លាក់ក្នុងការធ្វើអត្តឃាត ឬមួយគ្រាន់តែគេមានគំនិតសើរៗ អំពីការធ្វើអត្តឃាត ដូចជាប្រើពាក្យ “វាមានន័យអី” ឬ “ខ្ញុំមិនត្រូវរំខានគេតទៅទៀតទេ”។ នៅពេលឮសភាពបែបនេះ អ្នកត្រូវសួរអ្នកនោះថាតើគេមានផែនការក្នុងការធ្វើអត្តឃាតហើយឬនៅ? មានសំណួរបីដែលអ្នកត្រូវសួរ!

  • តើអ្នកសំរេចចិត្តក្នុងការធ្វើអត្តឃាតឬនៅ?
  • តើអ្នកសំរេចចិត្តធ្វើនៅពេលណា?
  • តើអ្នកបានត្រៀមរៀបចំអ្វីខ្លះដែលអ្នកត្រូវការក្នុងការធ្វើអត្តឃាតហើយឬនៅ?
    នៅពេលដែលគេមានផែនការច្បាស់លាស់វាជាការបញ្ជាក់ពីហានិភ័យខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវចាំថា ការដែលគ្មានផែនាការក្នុងការធ្វើអត្តឃាត ក៏មិនមែនបញ្ជាក់ថាបុគ្គលនោះមានសុវត្ថិភាព ដែរ។ រាល់គំនិតចង់ ធ្វើអត្តឃាតទាំងអស់គឺត្រូវ តែយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ អ្នកក៏ត្រូវតែដឹងកត្តាដែលងាយគ្រោះថ្នាក់បន្ថែមទៀតផងដែររួមមាន៖

    • តើគាត់មានសេពសុរា និងគ្រឿងញៀនទេ? ការប្រើប្រាស់សុរា និងគ្រឿងញៀនគឺវាងាយអោយបុគ្គលនោះ ងាយនឹងធ្វើអត្តឃាតទៅតាមសន្ទុះចិត្តរបស់គាត់។
    • តើគាត់ធ្លាប់មានប៉ុនប៉ងសំលាប់ខ្លួនពីអតីតកាលឬទេ?អ្នកដែលប៉ុនប៉ងសំលាប់ខ្លួនពីអតីតកាលវាជា ការងាយ ដែលគាត់នឹងព្យាយាមធ្វើម្តងទៀត។ អ្នកត្រូវតែសួរគាត់ឬសួរអ្នកជិតដិតគាត់ ដោយចំៗថា តើគាត់មានធ្លាប់ប៉ុនប៉ងធ្វើ អត្តឃាតពីមុនដែរឬទេ?
ជំហ៊ានទី២៖ ការស្តាប់

អ្នកត្រូវត្រៀមខ្លួនថា មនុស្សដែលអ្នកនឹងត្រូវសួរអាចមានបញ្ហា តែគាត់ចង់ធ្វើអោយអ្នកទុកចិត្តថា គាត់មិនអីទេ! ប្រសិនបើ មានបញ្ហានេះកើតឡើង វាជាការសំខាន់ណាស់ដែលអ្នកត្រូវបង្ហាញ ការយកចិត្តទុកដាក់ និង គោរពដោយស្មោះ ដោយគ្រាន់តែព្យាយាមស្តាប់អ្វីដែលគេរៀបរាប់ដោយយកចិត្តទុកដាក់និងយល់ចិត្ត។
គន្លឹះខ្លះក្នុងការស្តាប់មាន៖

  • យកចិត្តទុកដាក់នូវអ្វីដែលគេប្រាប់
  • សូមកុំនិយាយកាត់ ឬប្រញាប់ប្រញាលក្នុងការសន្ទនា
  • ត្រូវស្តាប់ពីអ្វីដែលគេបានឆ្លងកាត់និងប្រតិកម្មផ្លូវអារម្មណ៍របស់គេ ហើយទទួលស្គាល់ថាអ្វីៗពិតជាពិបាក សំរាប់គេមែន។
  • ប្រសិនបើគេត្រូវការពេលវេលាច្រើនក្នុងការគិត សូមរង់ចាំដោយស្ងៀមស្ងាត់និងអត់ធ្មត់
  • សូមប្រើសំណួរបើកដែលលើកទឹកចិត្តគាត់អោយពន្យល់អំពីអ្វីដែលកើតឡើង ដូចជា “ចុះអ្នកមានអារម្មណ៍ យ៉ាងម៉េចដែរ? ឬ ចុះអ្នកអាចប្រាប់ខ្ញុំបន្ថែមទៀតពីចំណុចនេះបានទេ”?

នៅពេលដែលអ្នកកំណត់បានអំពី ហានិភ័យនៃការធ្វើអត្តឃាតបានហើយ អ្នកត្រូវធ្វើយ៉ាងណាធ្វើយ៉ាងណាអោយ គាត់មានសុវត្ថិភាព។

ជំហ៊ាននេះវាផ្តល់ឱកាសអ្នកមានបំណងចង់ធ្វើអត្តឃាតនូវពេលវេលាដែលគេត្រូវការក្នុងការនិយាយចេញពីបញ្ហា របស់គេ។

ជំហ៊ានទី៣៖ សកម្មភាពលើកទឹកចិត្ត

ចម្លើយដែលឆ្លើយតបទៅនឹងសំណួរ ជួនកាលអាចជាការគួរអោយព្រួយបារម្ភនិងក្តុកក្តួលក្នុងការស្តាប់ ប៉ុន្តែអ្នកត្រូវ តែស្តាប់នូវអ្វីដែលអ្នកប៉ុនប៉ងធ្វើអត្តឃាតនោះនឹងប្រាប់អ្នក។
ប្រសិនបើអ្នកព្រួយបារម្ភអំពីអ្វីដែលអ្នកបានឮ ហើយប្រសិនបើអ្នកដែលប៉ុនប៉ងធ្វើអត្តឃាត នោះមាន លក្ខណៈ មិនស្រួលទេ វាជាការសំខាន់ណាស់ដែលអ្នកលើកទឹកចិត្តគាត់ក្នុងការដោះស្រាយបញ្ហារបស់គាត់អោយបានឆាប់។

តើខ្ញុំគួរនិយាយទៅនរណាម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតដូចម្តេចខ្លះ?

  • សូមបង្ហាញពីការយល់ចិត្តដល់គាត់ ហើយប្រាប់ថាអ្នកខ្វល់ពីគាត់និងចង់ជួយគាត់។
  • សូមបង្ហាញពីទំនុកចិត្តរបស់អ្នក ព្រោះការនេះវាជាការធានាចំពោះគាត់។
  • លើកទឹកចិត្តដល់គាត់អោយនិយាយ ហើយអ្នកត្រូវស្តាប់គាត់ដោយមិនធ្វើការវិនិច្ឆ័យ។ អ្នកមិនគួរប្រកែក ឬផ្ចាញ់ផ្ចាលជាមួយគាត់អំពីគំនិតចង់សំលាប់ខ្លួនរបស់គាត់ទេ។
  • សូមធានាជាមួយគាត់ ថាគំនិតចង់សំលាប់ខ្លួននេះវាកើតមានជាទូទៅហើយ និងមនុស្សទូទៅក៏មានគំនិតនេះដែរក្នុងដំណាក់កាល់ណា មួយនៃជីវិតគាត់
  • ទទួលស្គាល់ពីអារម្មណ៍ចង់ធ្វើអត្តឃាតដែលគាត់មាន ពិភាក្សាពីអារម្មណ៍នេះ ជាជាងបញ្ឈប់គាត់កុំអោយគិតពីវា។
  • ការគំរាមចង់សំលាប់ខ្លួនគឺអាចបញ្ជាក់ថាបុគ្គលនោះបានព្យាយាម ក្នុងការ ប្រាស្រ័យទាក់ទងមកអ្នកពីអារម្មណ៍មិនល្អដែលគាត់មាន ហើយជាញឹកញាប់វាជាការបញ្ជាក់ពីការស្វែងរក ការជួយ និងការព្យាយាមគេចចេញពីបញ្ហាពិបាកដែលគាត់ជួប។ ដូច្នេះអ្នកគួរអនុញ្ញាតិអោយគាត់និយាយពីអារម្មណ៍ ពិបាកទាំងនោះ ហើយនិយាយពីមូលហេតុដែលគាត់ចង់សំលាប់ខ្លួន។ មិនត្រូវបដិសេដអារម្មណ៍របស់គាត់ទេ ឬ មិនត្រូវប្រៀបធៀបបញ្ហារបស់គាត់ទៅនិងបញ្ហារបស់គេទេ។ ជួយគេអោយយល់ថា គេមិនត្រូវការធ្វើតាម ការគិតរបស់គេទេ។

គំនិតចង់ធ្វើអត្តឃាតជួនកាលបង្ករឡើងដោយជំងឺផ្លូវចិត្ត ដូច្នេះអ្នកគួរតែស្វែងរកការព្យាបាល ប្រសិន បើអ្នកជំងឺមានបញ្ហានេះដែរ។ ជៀសវាង សួរសំណួរថា តើគាត់មានជំងឺផ្លូវចិត្តឬទេដោយចំៗ តែយើងអាចសួរថា តើគាត់មានធ្លាប់ទទួលបានការព្យាបាលពីជំងឺផ្លូវចិត្តដែរឬទេ? គំនិតចង់សំលាប់ខ្លួនខ្លះវាជាលទ្ធផលនៃជំងឺផ្លូវចិត្ត ដែលអាចព្យាបាលបាន ព្រោះការនិយាយថា “វាជាជំងឺអាចព្យាបាលបាន” វាបានផ្តល់នូវក្តីសង្ឃឹមដល់គាត់។ ដោយការពិភាក្សាពីបញ្ហារបស់គាត់ដោយចំៗ អ្នកអាចជួយគាត់ក្នុងការស្វែងរកយុទ្ធសាស្ត្រក្នុងការដោះស្រាយនូវ បញ្ហាពិបាកទាំងឡាយក្នុងជីវិតគាត់យ៉ាងមានប្រសិទ្ធភាព។
ចូរស្វែងរកនូវវិធីដោះស្រាយមានប្រសិទ្ធភាព ដែលគាត់ធ្លាប់ប្រើពីមុន ហើយមើលថាតើការដោះស្រាយឬការគាំទ្រទាំងនោះនៅមានប្រសិទ្ធភាពឬទេ?

សូមពិចារណាក្នុងការប្រើជំនឿ ឬគុណតម្លៃរបស់គាត់ក្នុងការលើកទឹកចិត្តអោយគាត់ផ្លាស់ប្តូរគំនិតចង់ធ្វើអត្តឃាតចេញ។ សូមកុំផ្តល់សង្ឃឹមឬការសន្យាណាដែលមិនអាចធ្វើទៅរួច។
សូមស្វែងរកមើលថា

  • តើមានអ្វីខ្លះដែលសំខាន់ ក្នុងជីវិតរបស់គាត់ដែលអាចកាត់បន្ថយភ្លាមៗនូវហានិភ័យរបស់គាត់ ឧទាហរណ៍ កូនៗ។
  • លើកទឹកចិត្តគាត់អោយគិត ពីផលវិបាកនៃការធ្វើអត្តឃាត ជាពិសេសពីផលវិបាកដែលអាចមានលើមនុស្សដែលគាត់ស្រឡាញ់។

ទោះជាយ៉ាងណាក៏ដោយ សូមកុំធ្វើអោយគាត់មានអារម្មណ៍ថាខ្លួនគាត់ខុស ឬអោយគាត់ខ្មាស់អៀនដោយគំនិត ចង់ធ្វើអត្តឃាតរបស់គាត់។ ផ្ទុយទៅវិញ សូមផ្តោតការយកចិត្តទុកដាក់លើសារសំខាន់របស់គាត់ក្នុងជីវិតមនុស្ស ឬ ក្នុងកែវភ្នែកនៃមនុស្សជាទីស្រឡាញ់របស់គាត់ គឺចំណុចល្អៗនៅក្នុងជីវិតមនុស្សដែលគាត់ស្រឡាញ់ ក្តីសង្ឃឹម របស់គាត់ទៅអនាគត់ និងហេតុផលផ្សេងទៀតក្នុងការរស់នៅ។ សូមលើកទឹកចិត្តគាត់អោយឃើញពីភាពខ្លាំងផ្ទាល់ ខ្លួនរបស់គាត់។

អ្នកអាចនិយាយថា៖

  • តើអ្នកចង់អោយខ្ញុំជួយអ្នកដូចម្តេច”?
  • តើមានអ្វីដែលអ្នកអាចធ្វើដែលនាំអោយអ្នករីករាយ ឬបានធូរអារម្មណ៍ក្នុងពេលឥឡូវនេះ?
  • ពេលមានបញ្ហាដែលស្រដៀងគ្នានិងបញ្ហាពីមុន តើអ្នកបានធ្វើអ្វីខ្លះដើម្បីដោះស្រាយវា?

ប្រសិនបើគាត់ត្រូវការការគាំទ្រ សូមលើកទឹកចិត្តគាត់អោយទៅជួបអ្នកជំនាញឬវេជ្ជបណ្ឌិតដែលគាត់ទុកចិត្ត។
អ្នកអាចនិយាយថា “វាជាការមានប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដែលអាចជួយគាំទ្រអ្នក។ យើងអាចស្វែងរកមនុស្សដែលយល់ពីបញ្ហារបស់អ្នកដើម្បីពិភាក្សាទាំងអស់គ្នា (ទៅជំហ៊ានទី ៤ ឬ ខ្ញុំត្រៀមខ្លួនក្នុងការសួរហើយ)

ជំហ៊ានទី៤៖ សាកសួរម្តងទៀតក្រោយពេលសន្ទនា

ការសំខាន់បំផុតគឺថា ចូរសួរនាំគាត់ម្តងទៀតនៅពេលបន្តិចក្រោយពីបានសន្ទនារួចមក។ ជីវិតរបស់យើងម្នាក់ៗអាចរវល់ជាប់ខ្លាំង ដូច្នេះជួន កាលយើងអាចភ្លេចសួរនាំគាត់ទៀត។ អ្នកអាចធ្វើអ្វីមួយដើម្បីរំលឹកអ្នក ដូចជាក្នុងទូរសព្ទ័ ឬក្នងប្រក្រតិទិន ក្នុងរយៈពេល១ឬ២សប្តាហ៍ក្រោយមក។
សូមទាក់ទងគាត់អោយជាប់ និង ត្រៀមខ្លួនដើម្បីជួយគាត់។ ការបង្ហាញនូវការជួយនិងការខ្វល់ខ្វាយពីគាត់ ដោយស្មោះ គឺអាចធ្វើអោយជីវិតគាត់ផ្លាស់ប្តូរបាន។

ក្នុងពេលដែលអ្នកបានជួបជាមួយអ្នកដែលចង់ធ្វើអត្តឃាត សូមព្យាយាមបង្កើតកិច្ចសន្យាជាមួយគាត់ដើម្បីធានាសុវត្ថភាពរបស់ពួកគាត់។ កិច្ចសន្យាគឺជាការ ព្រមព្រៀងគ្នាដើម្បីកុំអោយគាត់ធ្វើតាមគំនិតចង់សំលាប់ខ្លួននោះ។ ត្រូវចាំថា កិច្ចសន្យាមិនធ្វើអត្តឃាតគឺជួនកាល មិនធានាថាមនុស្សម្នាក់មិនសំលាប់ខ្លួន ហើយវាមិនមានជាឯកសារផ្លូវច្បាប់ទេ។

ទោះជាយ៉ាងណាក៏ដោយ វាជាមធ្យោបាយមួយដែលមានប្រយោជន៍ដែរ។ ប្រសិនបើគាត់មិនចង់សរសេរ កិច្ចសន្យាជាលាយលក្ខ័អក្សទេ កិច្ចសន្យាដោយសំដីក៏បានដែរ។ កិច្ចសន្យារួមមានកាលផុតកំណត់ ឧទាហរណ៍ ផុតកំណត់ក្រោយពីគាត់មកជួបយើងលើកក្រោយ ។ល។ កិច្ចសន្យាគួរតែមានរយៈពេលសមស្របដែលអ្នកប៉ុនប៉ងធ្វើអត្តឃាតអាចគោរពតាមបាន ទោះជា២ឬ៣ម៉ោងក៏បាន ដែរព្រោះវាធ្វើអោយគាត់អាចបំពេញតាមកិច្ចសន្យានេះបាន។ កិច្ចសន្យាគួរមានបន្ថែមនូវបណ្តាញសំរាប់ជួយសង្គ្រោះ ផ្សេងទៀត ឧទាហរណ៍ដូចជាខ្សែទូរសព្ទ័ទាន់ហេតុការរបស់អ្នកជំនាញ ឬក្រុមគ្រួសារជា ដើមដែលគាត់អាចស្វែង រកការជួយបន្ថែមទៀតបានក្នុងករណីដែលគាត់មិនអាចគោរពតាមកិច្ចសន្យា ។

ស្វែងរកសេវាគាំទ្រ ឬព្យាបាលបញ្ហាផ្លូវចិត្ត៖

ប្រសិនបើអ្នក ដឹងថាអ្នកមានគំនិតចង់ធ្វើអត្តឃាត ចង់ស្វែងរកការពិគ្រោះ និងប្រឹក្សាយោបល់ ព្រមទាំងស្វែងរកការគាំទ្រផ្លូវចិត្ត សូមទំនាក់ទំនងតាម៖

លេខទូរសព្ទ័ Hotline៖ ០១៧ ២២២ ៣៧២

ឬ អាស័យដ្ឋានរបស់ អង្គការធីភីអូ៖ អគារលេខ ២និង៤ ផ្លូវ១៩៥២ (ផ្លូវឧកញ៉ា វាំង) សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ។